ទឹក​ឃ្មុំ​​​អមតៈ

ទឺក​ឃ្មុំ (honey) ​គឺ​ជា​អាហារ​​ដែល​គេ​និយម​បរិភោគ​ជាទី​បំផុត នៅ​ជុំ​វិញ​ពិភពលោក​យើង​នេះ​។ ហើយ​អ្នក​ដែល​ចាត់ទុក​ទឹកឃ្មុំ​ថា​ជា​អាហារ​របស់​អ្នក​ក្រ អ្នក​នោះ​​ច្បាស់​ជា​ធុន​​មនុស្ស «អង្កែប​​ក្នុង​អណ្តូង» ដែល​មើល​​មិន​ឃើញ​មេឃ​ធំ​ប៉ុន​ណា​ឡើយ​​​។ តាមការពិតទៅ​ នៅ​ប្រទេស​ណា​ក៏​ដោយ ក៏​​គេ​ចាត់ទុក​ទឹកឃ្មុំថា​ជា​​​អាហារ​ដ៏​ចាំបាច់​ និងមាន​រស់ជាតិ​ជាទី​បំផុត ហើយ​នៅ​ក្នុង​គ្រប់​ភាសាទាំងអស់ គេ​និយម​ប្រៀបធៀប​​អ្វី​ដែល​គួរ​ឲ្យ​ស្រឡាញ់​ចូលចិត្ត ទៅ​នឹង​​ទឹកឃ្មុំ ដូច​ជា​ពាក្យ​ថា «Honey, you’re so sweet!» ជា​ដើម​ ។ល។ និង ។ល។ ។
ផលិផល​ទឹក​ឃ្មុំ​ដាក់​​លក់​នៅ​​តាម​ផ្សារ​ទំនើប​ នៅ​សហរដ្ឋ​អាមេរិក
នៅ​សហរដ្ឋ​អាមេរិក ទឹកឃ្មុំ​គឺ​ជា​អាហារ​​​ពេល​ព្រឹក​ ដែល​គេ​បរិភោគ​រាល់​ថ្ងៃ​ជា​មួយ​នឹង​នំ​អំបែង ដែល​ភាសា​អង់គ្លេស​ហៅ​ថា pancake ។ លើសពី​នេះ​ទៀត ទឹកឃ្មុំ​ក៏​ត្រូវ​គេ​យក​ទៅ​ប្រើ​ជំនួស​ស្ករ នៅ​ក្នុង​ការធ្វើ​នំ​ថ្លៃ​ៗ​ជា​ច្រើន​មុខ​ទៀត​​​ដែរ។ ហើយ​នៅ​តាម​ហាង​​ម្ហូបអាហារ​ណា​ក៏​ដោយ ក៏​មាន​ទឹក​ឃ្មុំ​សម្រាប់​យើង​ដែរ​។ ដូចនេះ ទឹក​ឃ្មុំ​ជា​អាហារ​ដ៏​សំខាន់​បំផុត​សម្រាប់​ជនជាតិ​អាមេរិកាំង​។
នំអំបែង​​ជាមួយ​ទឺកឃ្មុំ (pancake) ជា​អាហារ​ពេល​ព្រឹក​របស់​ជនជាតិ​អាមេរិកាំង
ដោយឡែក នៅ​ប្រទេស​កម្ពុជា​យើង ទឹកឃ្មុំ​គឺ​ជា​ផលិតផល​របស់​ប្រជាកសិករ​យើង​ នៅ​តាម​តំបន់​ជនបទ​នានា​នៅ​ទូទាំង​ប្រទេស​។ ដូចនេះ បើ​សិន​ជា​យើង​នាំ​គ្នា​​បរិភោគ​ទឹក​ឃ្មុំ​ឲ្យ​បាន​កាន់​តែ​ច្រើន ​ប្រាក់​ចំណូល​​របស់​ប្រជាកសិករ​យើង នឹង​​​កាន់​តែ​កើន​​​ឡើង​ច្រើន​ឡើង​ថែម​ទៀត​។

ទន្ទឹម​នឹង​នេះ​ដែរ ការប្តូរ​របៀប​យក​​ឃ្មុំ​របស់​ប្រជាកសិករ​យើង ពី​ការយក​ឃ្មុំ​ដោយ​កាប់​យក​មែក​ឈើ​ដែល​ជា​​​បង្គង​ មក​​ជាការយក​ឃ្មុំ​ដោយ​កោស​យក​តែ​ក្បាល​ទឹក គឺ​​ជា​របក​គំឃើញ​ដ៏​អស្ចារ្យ​មួយ​ ប្រចាំ​សតវត្ស​ទី​ ២១ ​យើង​នេះ​ (discovery of the century) ។ ខ្ញុំ​បាទ​ហ៊ាន​និយាយ​​ដូច្នេះ ពីព្រោះ​ការយក​ឃ្មុំ​ដោយ​កោស​យក​តែ​ក្បាល​ទឹក គឺ​ជា​ប្រការ​ដែល​​ផ្តល់​លទ្ធភាព​​​ឲ្យ​មេឃ្មុំ​​​អាច​​បង្កើត​ឡើង​វិញ​នូវ​ក្បាល​ទឺក​ថ្មី​មួយ​ទៀត​​។ ដូចនេះ​ការយក​ឃ្មុំ​ដោយ​កោស​យក​តែ​ក្បាល​ទឹក គឺ​ជា​ការដែល​​ធ្វើឲ្យ​​ទឹក​ឃ្មុំ​មាន​ជីវិត​អមតៈ​ ព្រោះ​បន្ទាប់​ពី​ការកោស​យក​ក្បាល​ទឹក​រួច​មក មេឃ្មុំ​នឹង​បង្កើត​ក្បាល​ទឹក​មួយ​ថ្មី​ទៀត​ឡើង​វិញ​​ជា​រៀង​រហូត​។ យើង​អាច​និយាយ​បាន​ម៉្យាង​ទៀត​ថា ការយក​ឃ្មុំ​ដោយ​កោស​យក​តែក្បាល​ទឹក គឺ​​ជាការ​ចិញ្ចឹម​ឃ្មុំ​បែប​ធម្មជាតិ​៕

1 thoughts on “ទឹក​ឃ្មុំ​​​អមតៈ

បញ្ចេញមតិ